ខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សាយ កុសល បានប្រកាសជាសាធារណៈ ស្វែងរកម្ចាស់ឈើទូកងចំនួន ៤ ដើម ដែលត្រូវបានយកទៅផ្លុងចោលនៅកណ្ដាលព្រៃ ក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ដោយអំពាវនាវឲ្យម្ចាស់ឈើទាំងនោះ ចេញមុខមកដាក់ពាក្យស្នើសុំ និងធ្វើលិខិតអនុញ្ញាត (M.C) ឲ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីបញ្ជាក់ភាពស្របច្បាប់ និងបញ្ចប់ការយល់ច្រឡំរបស់មហាជន។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើកំណត់ហេតុជាក់ស្ដែងលើឈើទូកងចំនួន ៣ ដើម នៅចំណុចព្រៃមួយកន្លែង ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក សាយ កុសល បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនដែលហាមឃាត់ការធ្វើទូកង ដែលជាប្រពៃណី និងមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរឡើយ ប៉ុន្តែអ្វីដែលអាជ្ញាធរត្រូវអនុវត្តយ៉ាងតឹងរ៉ឹង គឺការគោរពច្បាប់ព្រៃឈើ និងលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ ។ លោកបានលើកឡើងដោយសំណើចសោកស្ដាយថា៖
«ខ្ញុំអាណិតឈើទាំងនេះណាស់ ឈើស្លាប់ទាំងមិនអស់ចិត្ត កាប់យកមកដោយអ៊ុចធូបសុំថាធ្វើទូកង ប៉ុន្តែដល់ពេលមានបញ្ហា គ្មានម្ចាស់ណាចេញមុខទទួលស្គាល់ឡើយ»។លោកអភិបាលស្រុក បានអំពាវនាវឲ្យម្ចាស់ឈើទូកងទាំងនោះ ប្រសិនបើស្គាល់ថាជារបស់ខ្លួន សូមមកដាក់ពាក្យស្នើសុំវិញ ដោយភ្ជាប់ជាមួយលិខិតអនុញ្ញាតធ្វើទូកង ឲ្យបានត្រឹមត្រូវតាមនីតិវិធី ដើម្បីឲ្យអាជ្ញាធរងាយស្រួលដោះស្រាយ និងបញ្ចប់ការយល់ច្រឡំជាសាធារណៈ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមជាអភិបាលស្រុក លោកតែងតែគាំទ្រ និងសហការជានិច្ច ប្រសិនបើការធ្វើអាជីវកម្ម ឬសកម្មភាពណាមួយ មានច្បាប់ និងលិខិតអនុញ្ញាតច្បាស់លាស់។ ទោះបីមានការរិះគន់ ឬជេប្រមាថលើបណ្ដាញសង្គមកន្លងមកក៏ដោយ លោកមិនមានការខឹងឬអន់ចិត្តឡើយ ព្រោះជឿថា កើតឡើងពីការមិនទាន់យល់អំពីសភាពការណ៍ជាក់ស្ដែង។
យ៉ាងណាមិញ លោកអភិបាលស្រុក បានលាតត្រដាងបញ្ហាធ្ងន់ធ្ងរមួយ ដែលជាមូលហេតុនាំឲ្យមានការយល់ច្រឡំ និងការអនុវត្តច្បាប់តឹងរ៉ឹងជាងមុន គឺបញ្ហា ឈ្មួញឈើ និងឈ្មួញទូកងក្រៅខេត្ត ដែលចូលមករកស៊ីក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ជាយូរមកហើយ ដោយសំអាងថាមានលិខិតអនុញ្ញាត ប៉ុន្តែពេលអាជ្ញាធរពិនិត្យជាក់ស្ដែង ទើបរកឃើញថា មានច្បាប់ត្រឹម ១០ ដើម ប៉ុន្តែធ្វើលើសច្បាប់ រហូតដល់ ២០ ឬ ៣០ ដើម ដែលជាសកម្មភាពល្មើសច្បាប់ព្រៃឈើយ៉ាងច្បាស់ «ច្បាប់មានមែន ប៉ុន្តែមានអ្នកយកច្បាប់ទៅឆ្លៀតឱកាស ដូចពាក្យថា ត្រីងៀតឆ្លៀតពង» លោកបានថ្លែងយ៉ាងត្រង់។
ដោយសារតែបញ្ហានេះហើយ ទើបលោកអភិបាលស្រុក បានរាយការណ៍ជូនអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ដើម្បីដាក់វិធានការរួម ទប់ស្កាត់បទល្មើសព្រៃឈើ ដែលលាក់ខ្លួនក្រោមស្លាក «ប្រពៃណីធ្វើទូកង»។
ករណីនេះ សារជាថ្មីម្ដងទៀត បង្ហាញឲ្យឃើញថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន ក្នុងរូបភាពស្មុគស្មាញ និងលាក់លៀម ហើយទាមទារឲ្យអាជ្ញាធរ មានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របពេលដែលត្រូវថែរក្សាប្រពៃណីវប្បធម៌ជាតិ ឲ្យនៅគង់វង្ស ដោយមិនឲ្យជនឱកាសនិយមយកទៅបំពានច្បាប់។



