ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និង ឯកឧត្តមញ៉ែម សំអឿន លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ លោកយាយ លោកតា នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញ និង និមន្ត ចូលរួមប្រារព្ធពិធីបុណ្យ មាឃបូជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ លុះព្រឹកឡើងថ្ងៃទី៣ ខែឆ្នាំដដែល ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន៦២
អង្គ នៅរង្វង់មូលនាគព័ន្ធផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន ១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសា
បាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលី ពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។ ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះ
ពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖
១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។
២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មា
សម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា)។
៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នក
ដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា)។
៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃ
ពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤៕



