លោក ហេង ប៊ុន្នី អភិបាលស្រុក និង ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន២គ្រួសារ

លោក ហេង ប៊ុន្នី អភិបាលស្រុក និង ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរយ៉ាដាវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន២គ្រួសារ

នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក ហេង ប៊ុន្នី អភិបាលស្រុក និងប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ បានដឹកនាំមន្រ្តីអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិប៉ក់ពោរ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ហេង ប៊ុន្នី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី
សំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរនិងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។លោក បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះចំនួនគ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។

លោក ហេង ប៊ុន្នី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

អំណោយផ្តល់ជូនគ្រួសាររងគ្រោះទាំងពីរគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣បេ មី២កេស ត្រីខ២យួរ ទឹកត្រី១យួរ មុង១ ភួយ១ តង់១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ស្លាបព្រា១០ និងថវិកាចំនួន១៥០,០០០រៀល។ ដោយឡែករដ្ឋបាលឃុំប៉ក់ញ៉ៃ រួមនិងសប្បុរសជននៅមូលដ្ឋានក៏បានចូលរួមអំណោយបន្ថែមរួមមាន÷ អង្ករ ៥បេ ទឹកផ្លែឈើ២កេស ត្រូខ៤យួរ ទឹកសុីអុីវទឹកត្រី៨យួរ មី២កេសធំ ទឹកសុទ្ធ២កេស ប៊ីចេង អំបិល និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើ បានកើតកាលពីថ្ងៃទី៣១ ខែមីនា ២០២៦ វេលាម៉ោងជាង១២:០០នាទីថ្ងៃត្រង់ ម្ចាស់ផ្ទះមានឈ្មោះ សេវ-ជាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ មានសមាជិកគ្រួសារ៦នាក់និងមួយគ្រួសារទៀតឈ្មោះ រចំ ចន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ មានសមាជិកគ្រួសារ៤នាក់។ មូលហេតុដែលបានកើតឡើងគឺបណ្តាលមកពីផ្ទុះអាគុយសូឡាក្នុងផ្ទះ បណ្តាលអោយឆេះទាំងស្រុងផ្ទះចំនួន២ មានទំហំ៧×៨ និងផ្ទះមួយទៀតទំហំ៥×៦ម៉ែត្រ រួមនិងសម្ភារៈទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *