ខេត្តរតនគិរី : កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣ និង ៣០នាទីទាបភ្លឺ មានករណីអត្តឃាតមួយបានកើតឡើងដោយ បុរសជាប្ដី បានបំផ្ទុះគ្រាប់បែកបណ្ដាលឱ្យស្ត្រីដែលជាប្រពន្ធស្លាប់យ៉ាងអាណោចអាធមក្នុងបន្ទប់ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ។

តាមការឲ្យដឹង ជនរងគ្រោះមានឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ជាប្រពន្ធបានស្លាប់នៅនិងកន្លែងក្នុងបន្ទប់ រីឯជនបង្ក មានឈ្មោះកាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបយោធាជួរមុខ រងរបួសធ្ងន់ មានទីលំនៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដី ជាទាហានកំពុងនៅបំពេញការងារជាទាហានជួរមុខ ដោយឡែកខាងប្រពន្ធនៅបម្រើការងារជាគ្រូបង្រៀនជាធម្មតា ប៉ុន្តែថ្មីៗនេះកាលពីមួយសប្តាហ៍កន្លងទៅ ប្រពន្ធគាត់បានឡើងទៅទីក្រុងភ្នំពេញដើម្បីកាត់វ៉ែនតា ចៃដន្យបានជួបអ្នកស្គាល់ក៏ឱ្យគេជូនទៅកាត់វ៉ែនតាជាមួយគ្នា ។ ដោយប្ដីកើតចិត្តសង្ស័យនិងភ្លើងប្រចណ្ឌផងទៀតនោះ ក៏បានដាក់ច្បាប់ត្រឡប់មកផ្ទះ ហើយនៅថ្ងៃទី១១ បុរសជាប្ដីបានទៅសាលាឃុំប៉ូយ ធ្វើការប្ដឹងរាយការណ៍ផ្ទាល់មាត់ដោយ ចោទប្រពន្ធខ្លួនថាមានសាហាយ ។ ខណៈនោះអាជ្ញាធរឃុំ ក៏បានសម្របសម្រួលផ្សះផ្សារឱ្យភាគីទាំងសងខាង ចាប់ដៃត្រូវរូវគ្នា រួមរស់ជាមួយគ្នាឡើងវិញ និងទុកពេលវេលា ១៥ថ្ងៃ ដើម្បីអោយពួកគេសម្រេចចិត្ត ភាគីទាំងសងខាងក៏យល់ព្រមចាប់ដៃត្រូវគ្នាវិញ រហូតដល់ថ្ងៃទី១៦ ទាំងប្ដីហ្នឹងប្រពន្ធ បានទៅសាលាឃុំម្ដងទៀត ដើម្បីជម្រាបអាជ្ញាធរថា ពួកគេនៅតែរកាំរកូសរស់នៅមិនចុះសម្រុង ខាងអាជ្ញាធរក៏បានសម្របសម្រួលបន្ថែម ក្រោយមកទាំងប្ដីនិងប្រពន្ធក៏បានយល់ព្រមចាប់ដៃត្រូវគ្នាឡើងវិញ ។ ស្រាប់តែយប់រំលងអាធ្រាត ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មិនដឹងថាពួកគាត់ទាំងពីរមានបញ្ហារកាំរកូសអ្វីទើបឈានដល់ថ្នាក់បំផ្ទុះគ្រាប់បែកបែបនេះ ។
មូលហេតុដែលនាំអោយកើតហេតុខាងលើនេះគឺ មានបញ្ហារកាំរកូសក្នុងគ្រួសារ បច្ចុប្បន្ន ជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី រីឯជនបង្កជាប្តីត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕



