ពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកខាងលើនេះត្រូវបានរៀបចំធ្វើឡើងព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ នៅសាលាស្រុកវើនសៃ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម
សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជេីញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកវើនសៃ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីសាលាស្រុក លោគ្រូ អ្នកគ្រូ លោកមេឃុំ ស្នៀនឃុំ និងមេភូមិផងដែរ។

តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក សូ វណ្ណធិន ឋាន
ន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល
ស្រុកតាវែង ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកវើនសៃ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើង
ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារ គ្រប់
អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ហើយ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មាន
ការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្តចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាន។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានលើកនូវសមទ្ធិផលដែលស្រុកវើនសៃទទួលបានកន្លងមក គឺកើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកវើនសៃដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ ។ ដូច្នេះត្រូវសហការជាមួយមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវើនសៃទាំងមូល និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន អោយបានល្អប្រសើឡើងថែមទៀត៕


