ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណ:អភិបាល ខេត្ត
រតនគិរី នៅព្រឹក ព្រឹកថ្ងៃពុធ ថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលមុខតំណែងអភិបាល នៃគណៈអភិបាលស្រុកតាវែង ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សម្រេច ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២
រូប នៅខេត្តរតនគិរី ដូចមានរាយនាមខាងក្រោម៖
១- លោក ហេង សាវឿនឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាល ស្រុកវើនសៃ អោយកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកតាវែង ។
២- លោក សូ វណ្ណធិនឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពី
អភិបាល នៃគណៈអភិបាល ស្រុកតាវែង ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាល ស្រុកវើនសៃ។

មានប្រសាសន៍ផ្ញាំផ្ញើដល់លោកអភិបាលស្រុកថ្មី ដែលទើបតែចូលកាន់តំណែងនាឱកាសនេះ ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា ការតែងតាំង ត្រូវបានអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់សម្រាប់អាណត្តិរបស់គណ:អភិបាលក្រុង ស្រុក ។ ឯកឧត្តមក៏បានណែនាំឲ្យអភិបាលស្រុកថ្មី យកចិត្តទុកដាក់ក្នុងការងារ ហើយត្រូវគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។ ទន្ទឹមនឹងនោះត្រូវពង្រឹងកិច្ចសហការ និងទំនាក់ទំនងជាមួយស្ថាប័ន អង្គភាព នានាឲ្យបានល្អប្រសើរ ពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយតម្លាភាព ហើយក្នុងនាមអ្នកផ្តល់សេវា គណៈអភិបាលស្រុកត្រូវ ចុះជួបជាមួយប្រជាពលរដ្ឋឲ្យបានញឹកញ៉ាប់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ៕


