ដំណើរការ នៃការបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ប្រចាំខេត្តរតនគិរី

ដំណើរការ នៃការបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ប្រចាំខេត្តរតនគិរី

ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ នៅទៅទាំងប្រទេស បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦នេះ ។ សម្រាប់ខេត្តរតនគិរី មានបេក្ខជនចូលប្រឡងចំនួន ១,៩៧៧នាក់ ស្រី១,០៨៦នាក់ក្នុងនោះបេក្ខជនចំណេះទូទៅ១,៧២៥នាក់ស្រី ៩៨២នាក់.បេក្ខជនថ្នាក់បំពេញវិជ្ជា១៥៣នាក់ ស្រី៦៥.បេក្ខជន ស្វៃរិនចំណេះទូទៅ៦៣នាក់ ស្រី២៧នាក់.បេក្ខជនស្វ័នបំពេញវិជ្ជា ៣៦នាក់ ស្រី១២នាក់។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃចន្ទទី១០នេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អសម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តមបានផ្តាំផ្ញើ ដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី១០-១១ខែសីហាឆ្នាំ២០២៦ មានបេក្ខជនចូលរួមប្រឡង ចំនួន ១,៩៧៧ នាក់ ស្រី ១,០៨៦
នាក់ ក្នុងនោះជនជាតិដើមភាគតិច ស្មើនិង ៤៤.៩៩% ស្រី៤៤.០១% រួមមាន÷គ្រឹង ២២៥នាក់ ស្រី១២៩នាក់.ទំពួន ៣២៩នាក់ ស្រី ១៧៤នាក់.ព្រៅ ៧២នាក់ ស្រី ៤០នាក់.ចារ៉ាយ ១៨១នាក់ ស្រី ១០៣នាក់.កាចក់ ៣៤នាក់ ស្រី១១នាក់.កាវែត៤១នាក់ ស្រី ១៥នាក់. ព្នង ២នាក់ ស្រី១នាក់.លុន ៦នាក់ ស្រី ៥នាក់ សរុបចំនួន ៨៩០នាក់ ស្រី ៤៧៨នាក់ ។ ចំណែកមណ្ឌលប្រឡង និងបេក្ខជនត្រូវបានកំណត់ជា ៣មណ្ឌល សរុប ៨០បន្ទប់ ក្នុងនោះមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ៤០បន្ទប់.មណ្ឌលវិទ្យាល័យ សែនភូមិថ្មី ២៨បន្ទប់ និង មណ្ឌលអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង ១២បន្ទប់ ។

សូមបញ្ជាក់ជូនថា÷ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត បានអញ្ជើញបើក វិញ្ញាសារ នៅមណ្ឌលប្រឡង វិទ្យាល័យហ៊ុនសែនភូមិថ្មី ឯកឧត្តម វ៉ាន់ សោភាអភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារ នៅមណ្ឌប្រឡង អនុវិទ្យាល័យ ប៊ូថង ទេសអន្លុង។ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះគេសង្កេតឃើញថា មិនខុសគ្នាពីឆ្នាំមុនៗទេ បេក្ខជន-បេក្ខនារីទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ ដោយឡែក នៅក្រៅបរិវេណមណ្ឌលប្រឡង គេឃើញមានក្រុម ស.ស.យ.ក. ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង៣នោះថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *