ខេត្តស្ទឹងត្រែង: កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើលួចកែឆ្នៃគ្មានលិខិតអនុញ្ញាតមួយកន្លែង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពី កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និង បានសហការជាមួយ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលរមាស។ ស្ថិតនៅចំណុចនិយាមការ (663681-1478636) ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន។

សមត្ថកិច្ចបានឲ្យដឹងថា: នៅពេលកម្លាំងចុះទៅដល់ ម្ចាស់សិប្បកម្មមិនមានវត្តមាននៅទីនោះឡើយ។ ម្ចាស់ត្រូវបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុកតែវត្ថុតាង និងឧបករណ៍សម្រាប់កែច្នៃឈើជាច្រើន នៅនឹងកន្លែង។

វត្ថុតាងទាំងអស់នោះរួមមានដូចជា ÷ឈើអារប្រភេទលេខ១ (ផ្ចឹក ឈ្លីក) ចំនួន ១៧៧ ដុំ/សន្លឹក និងគ្រាក់ឈ្លីកប្រវែង ១ ម៉ែត្រ ចំនួន ៣៥ ដុំ តុឈូសឈើ ចំនួន០១, ម៉ាស៊ីនភ្លើង ចំនួន០១ គ្រឿង, ម៉ូទ័រឈូសចំនួន ០២ គ្រឿង, ម៉ូទ័រកាត់ចំនួន ០១ គ្រឿង និងម៉ូទ័រខាត់ចំនួន ០៣ គ្រឿង។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចក៏បានរឹបអូសឈើ រួមនឹងសម្ភារ:មួយចំនួន ដែលបម្រើឲ្យបទល្មើសទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធីច្បាប់។


