ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅខេត្តរតនគិរី

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅខេត្តរតនគិរី

ពិធីដាក់អោយប្រើប្រាស់ភាសាចារ៉ាយនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតន: សៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សមាគម និងសហគមន៍ជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា គឺជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបានថា “គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ “នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន ដោយអនុញ្ញាតឱ្យកុមារជនជាតិដើមភាគតិចមានឱកាសរៀនសូត្រជាភាសាកំណើតរបស់ខ្លួនក្នុងគោលដៅ ថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ដើម្បីជំរុញសន្ទុះនៃការសិក្សានៅតំបន់នេះ សូមបន្តរៀបចំផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងសិស្សពូកែ ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយជាផ្លូវការនេះ ជាផ្នែកមួយចូលរួមថែរក្សាភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចបានល្អប្រសើរ។ កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។

ដើម្បីធានាថាការអនុវត្តកម្មវិធីនេះមាននិរន្តរភាព និងប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវអនុសាសន៍មួយចំនួនរួមមាន៖- បន្តសិក្សាស្រាវជ្រាវ និងចងក្រងពាក្យថ្មីៗ ដែលប្រើប្រាស់ដោយសហគមន៍ជនជាតិដើមភាគតិចចារ៉ាយនៅកម្ពុជា កែលម្អសៀវភៅសិក្សាសម្រាប់ភាសាចារ៉ាយ និងពង្រីកការអនុវត្តកម្មវិធីអប់រំពហុភាសាចារ៉ាយនៅតាមតំបន់ដែលមានតម្រូវការបន្ថែមទៀត – ពិនិត្យ និងវាយតម្លៃកម្មវិធីសិក្សា សៀវភៅសិក្សា និងសម្ភារៈសិក្សា- ពង្រឹងសមត្ថភាពគ្រូបង្រៀន និងអ្នកពាក់ព័ន្ធលើអក្ខកម្មភាសាកំណើត- ពង្រឹងសមត្ថភាពគ្រូបង្រៀនលើជំនាញ និងគរុកោសល្យអប់រំពហុភាសា រៀបចំការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពគ្រូបង្រៀនអប់រំពហុភាសាទាំងអស់តាមរយៈការសិក្សាផ្ទាល់ ឬនៅលើថ្នាលអភិវឌ្ឍសមត្ថភាព- បន្តពង្រឹង និងពង្រីកកិច្ចសហការ ថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្ត និងអភិវឌ្ឍសាលារៀននៅតំបន់ជនជាតិដើមភាគតិច។តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកា យ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញកម្មវិធីអប់រំពហុភាសានេះឱ្យលេចចេញជារូបរាងឡើង នឹងសូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បងប្អូនក្នុងសហគមន៍ជនជាតិដើមភាគតិច លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរៀបចំឯកសារ និងកម្មវិធីសិក្សាភាសាចារ៉ាយនេះ ដោយគូសបញ្ជាក់ថា កិច្ចសហការដ៏ល្អរវាងរដ្ឋ អង្គការដៃគូ និងសហគមន៍ គឺជាគន្លឹះដ៏សំខាន់ដែលមិនអាចខ្វះបាន ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនៅតាមតំបន់ដាច់ស្រយាល ប្រកបដោយចីរភាព និងសមធម៌។

សូមជម្រាបថា កម្មវិធីអប់រំពហុភាសានេះ មានការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជាដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការឃែកម្ពុជា (CARE) អង្គការNTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍន៍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *