ហេតុអ្វី ! គ្រប់រថយន្តដែលដឹកកសិផលឆ្លងស្ថានីយជញ្ជីងថ្លឹងរថយន្តស្រុកក្រូចឆ្មារ ត្រូវឈប់ចុះទៅជួបនឹងមន្ត្រីប្រចាំការ ?

ហេតុអ្វី ! គ្រប់រថយន្តដែលដឹកកសិផលឆ្លងស្ថានីយជញ្ជីងថ្លឹងរថយន្តស្រុកក្រូចឆ្មារ ត្រូវឈប់ចុះទៅជួបនឹងមន្ត្រីប្រចាំការ ?

ខេត្តត្បូងឃ្មុំ : នៅរដូវប្រមូលកសិផលរបស់ប្រជាកសិករនារដូវប្រាំងដើមឆ្នាំ២០២៦នេះ ប្រធានស្ថានយ៍ជញ្ជីងថ្លឹងរថយន្ត ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ប្រាកដជាគ្រប់ទឹកហើយ !  ព្រោះរាល់រថយន្តដែលដឹកកសិផល យកទៅលក់ទៅកាន់ទីផ្សារ អាចដឹកលើសចំណុះ ឬ ខុសបច្ចេកទេសបានយ៉ាងរលូន ដោយគ្មានការផាកពិន័យអ្វីទាំងអស់ !  ដោយគ្រាន់តែមុនចូលថ្លឹង ត្រូវឈប់រថយន្ត រួចបើកទ្វាដើរចុះទៅជួបនឹងមន្រ្តីប្រចាំការនៅទីនោះជាការស្រេច ។ បន្ទាប់មកឆ្លងយ៉ាងរំភើយ ពុំមានការហាមឃាត់ ការរារាំងពីមន្ត្រីជំនាញម្នាក់ណាឡើយ បើទោះបីរថយន្តទាំងអស់នោះ មានសភាពដឹកលើសចំនុះហ៊ាហូ ត ទ្រុង  លក្ខណៈខុសបច្ចេកទេសបែបណាក៏ដោយ ។ 

បច្ចុប្បន្នអ្នកមាន រថយន្តដឹកស៊ីឈ្នួលដឹកកសិផលភាគច្រើនជារថយន្តម៉ាកវេអង សណ្តោងរម៉ក ព្រោះដាក់បានច្រើនអាច ត ទ្រុង ដាក់បានរហូតដល់ ៥០/៦០ទៅ ៧០តោនឯណោះ ។

ប្រភពពីរនាក់ដឹកបានឲ្យដឹងថា: តាមកំរិតស្តង់ដាររបស់រថយន្តម៉ាក វេអងសណ្តោងរម៉ក គឺខាងស្ថានីយ៍ ថ្លឹងរថយន្ត តម្រូវអោយដាក់ត្រឹមតែ 45 តោនចុះក្រោមតែប៉ុណ្ណោះ បើលើសពី 45 តោន គឺខាងស្ថានីយ៍តម្រូវឲ្យរើទំលាក់ចុះវិញ ហើយត្រូវបង់ផាកពិន័យចំនួន ១ លានរៀលទៀតផង ។ ប៉ុន្តែបើសិន ជាម្ចាស់រថយន្តណាចង់រកស៊ីដឹកកសិផលចំណេញបានច្រើននោះ ម្ចាស់រថយន្តត្រូវតែទៅជួបជាមួយមន្ត្រីរបស់ស្ថានីយស្ថានីយ៍ថ្លឹងរថយន្តជាមុនសិន ឬប្រាប់ស្លាកលេខអោយដឹងមុន នោះខាងស្ថានីយ៍មិនបើកជញ្ជីងទេគ្រាន់តែបើកកាត់ទៅបានហើយ តែត្រូវបង់លុយ ១៥ ម៉ឺនរៀលសិន មុនបើករថយន្ត ឆ្លងកាត់ជញ្ជីង  ។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានយើង បានថតនូវរូបភាព រថយន្តវេរអង្គសណ្ដោងរម៉ក ត ទ្រុង ជាច្រើន ដែលកំពុងធ្វើសកម្មភាពបើកចរាចរណ៍ពេញដងផ្លូវ ទាំងកណ្ដាលថ្ងៃ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ។ ហើយនៅពេលយប់ឡើងរថយន្តវេរអង្គសណ្ដោងរម៉កភ្ជាប់ជាមួយទ្រុង”ត”ខ្ពស់ៗទាំងនោះ បានដឹកដំឡូងមី ស្រស់ និង ក្រៀម ហ៊ាឡើងដល់លើ សម្រុកដឹកជញ្ជូនឆ្លងកាត់ស្ថានីយជញ្ជីងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ អ្វី ! ដែលគួរឲ្យកត់សម្គាល់ទៀតនោះ រាល់រថយន្តដឹកកសិផលទាំងអស់ មហាជនយើងឆ្ងល់ថា: ហេតុអ្វី បានជាតៃកុង ឬ ព្រូរថយន្ត តែងតែបើកទ្វារដើរចុះទៅជួបនឹងមន្ត្រីជញ្ជីងប្រចាំការនៅទីនោះ មុនបើកឆ្លងកាត់ភ្នែកជញ្ជីងដូច្នេះ ? មិនដឹងគួត្រូវប្រើពាក្យថា: ភាពកំសោយ ឬ ភាពឆ្លាតវ៉ៃ របស់ស្ថានីយជញ្ជីងថ្លឹរថយន្តនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បើលេងតែក្បាច់ក្បាច់ហ្នឹង ! ច្បាស់ណាស់! ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ កៅស៊ូ ដែលរាជរដ្ឋាភិបាលថ្នាក់ជាតិខិតខំជួសជុលអភិវឌ្ឍន៍ ដើម្បីភាពរីកចម្រើនរបស់ប្រទេស ក៏ ដូចជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរួមទាំងមូល ត្រូវខូចខាត ជាក់ជាមិនខាន ដោយសារការបណ្ដែតបណ្ដោយបែបនេះ ។

ជុំវិញរឿងខាងលើ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ អង្គភាពយើងខ្ញុំមិនអាចសុំការពន្យល់ពីលោកបាននោះទេ ដោយលេខទូរសព្ទរបស់លោកអង្គភាពយើងបានព្យាយាមខលចូលជាច្រើនដងប៉ុន្តែពុំមានអ្នកទទួល ។ ជាមួយគ្នានោះ អង្គភាពយើងក៍បានព្យាយាមផ្ញើសារ សួរព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមជូនទៅលោកប្រធានដែរ ប៉ុន្តែលោកមិនបានឆ្លើយតប មកវិញនោះទេ ទោះបីជាលោកបានចូលមើលហើយក៏ដោយ ។

ទោះជាយ៉ាងណាក៏ដោយអង្គភាពយើងរីករាយ និងស្វាគមន៍រង់ចាំការបកស្រាយបំភ្លឺ ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ គ្រប់ពេលរៀងរាល់ម៉ោងធ្វើការ។សូមអរគុណ…

Leave a Reply

Your email address will not be published. Required fields are marked *