ក្រសួងពាណិជ្ជកម្ម ធ្វើសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅខេត្តរតនគិរី

ក្រសួងពាណិជ្ជកម្ម ធ្វើសិក្ខាសាលាស្តីពី “ការលើកកម្ពស់ផលិតផលខ្មែរ” នៅខេត្តរតនគិរី

សិក្ខាសាលានេះ ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំធ្វើឡើងនៅ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី សភាពាណិជ្ជកម្មខេត្ត រតនគិរី តំណាងផ្សារអីអន ជាពិសេស លោក លោកស្រី អាជីវករ ពាណិជ្ជករ ផលិតករ សិប្បករ សេវាករ សមាគម សហគមន៍ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម នាង សំអាត អភិបាលរងខេត្តរតនគិរី បានលើកឡើងពីការបានខិតខំយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការរិ:រកគ្រប់មធ្យោបាយ ដើម្បីប្រែក្លាយទឹក​ដីមួយនេះឱ្យក្លាយជាគោលដៅអភិវឌ្ឍន៍ពេញលេញ​ ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្ពោះ​ទៅសម្រេច​​ឱ្យ​បាន​នូវកម្មវិធីន​យោ​បា​យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ជាក់ស្តែងក្នុងរយៈពេលកន្លងមកនេះ ខេត្តបានខិតខំជំរុញការអភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួន ដូចជា ជម្រុញវិស័យពាណិ​ជ្ជ​កម្ម និងវិនិយោគ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យ ទេសចរណ៍ និងវិស័យផ្សេងៗទៀតឲ្យមានការកើនឡើងជា​លំដាប់​គួរ​ឱ្យ​កត់សម្គាល់
។ ហើយសម្រាប់ស័យពាណិជ្ជកម្ម រយៈពេលពីរខែដើមឆ្នាំ២០២៦នេះ ខេត្តបាននាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មមួយចំនួន តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ មានចំនួនប្រមាណ ១១.៩៤៤តោន គិតជាទឹកប្រាក់ស្មើនឹង ១០.៨៣៤.៥៤៦,៥៤ដូល្លារ មានការកើនឡើង ៩៦,៨៤%​ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងបាននាំចូលមកវិញនូវផលិតផមួយចំនួនពីប្រទេសវៀតណាម មានដូចជា ជីកសិកម្ម ដែក ទុយោជ័រ សំបកកង់ឡាន ចំណីគោ និងបន្លែ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ មានចំនួនប្រមាណ ១៧.២៤៥តោន គិតជាទឹកប្រាក់ស្មើនឹង ២២.៨១០.៨១៩,៦៨ដុល្លារ មានការថយចុះ -៩,៧៦%​ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់ម្ចាស់ផលិតករ សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ សហគ្រាស ក្រុមហ៊ុនអ្នក
ផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមឱ្យអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួន ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការផលិត ការផ្តល់ព័ត៌មានជូនដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជនសម្រាប់លក់ផលិតផលរបស់ខ្លួន និងសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីអភិវឌ្ឍ​ន៍សេដ្ឋកិច្ចជា​តិ និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

មានប្រសាសន៍បើកសិក្ខាសាលានេះ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថាគោលបំណងសិក្ខាសាលានាពេលនេះគឺដើម្បីជំរុញ និងលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសការពង្រឹងគុណភាព សុវត្ថិភាព សោភណភាព អនាម័យ ស្តង់ដា ការកសាងម៉ាកសញ្ញាដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។ ឯកឧត្តម បន្តថា សិក្ខាសាលា មានវាគ្មិនចំនួន៥រូប ប្រកបដោយបទពិសោធន៍ និងជំនាញមកពីវិស័យរដ្ឋ និងឯកជននឹងចូលរួមធ្វើ បទបង្ហាញទៅលើប្រធានបទចំនួន៥គឺ ទី១. ការអភិវឌ្ឍផលិតផលខ្មែរស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ។ទី២. ការវេចខ្ចប់ផលិតផលខ្មែរឱ្យមានសោ
ភណភាពស្របតាមស្តង់ដា។ ទី៣. ការកសាងម៉ាកយីហោផលិតផលខ្មែរ ទី៤.បែបបទការបញ្ជូនផលិតផលខ្មែរចូលផ្សារទំនើប និងទី៥ ការចែករំលែកបទពិសោធន៍អំពីគន្លឹះនៃការ ធ្វើអាជីវកម្ម របស់ម្ចាស់អាជីវកម្មខេត្តរតនគិរី។

ឯកឧត្តម អនុរដ្ឋលេខាធិការបានស្នើសុំអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ការធ្វើ បទបង្ហាញរបស់វាគ្មិនដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ សម្រាប់យកទៅអភិវឌ្ឍស្ថាប័ន អង្គភាព និង អាជីវកម្មរបស់ខ្លួន តាមរយៈ ការផលិត កែច្នៃ វេចខ្ចប់ផលិតផលឱ្យមានគុណភាព ដាក់ឈ្មោះម៉ាកយីហោ ក្រុមហ៊ុន កាលបរិច្ឆេទផលិត និងការផុតកំណត់លើការប្រើប្រាស់ផលិតផល ការបិទស្លាកថ្លៃ លេខបារកូដផលិតផលឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *